ទីក្រុងឌូបៃ នៃសហភាពអារ៉ាប់អេមីរ៉េត៖ អ្នកស្រី គឿង ណាវី ប្រធានសហគមន៍ស្រ្តីតំណាងឱ្យសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានចូលរួមក្នុងសន្និសីទកំពូលនៃបណ្ដាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឆ្នាំ២០២៣ (COP28) ដើម្បីបង្ហាញអំពីអត្ថប្រយោជន៍ពិតប្រាកដនៃហិរញ្ញប្បទានកាបូនក្នុងការអភិរក្សព្រៃឈើ។ ក្រោមការសម្របសម្រួលដោយក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ការចូលរួមរបស់អ្នកស្រីគឺបានផ្តោតលើសារសំខាន់នៃការផ្តល់ហិរញ្ញប្បទានកាបូនដោយផ្ទាល់ទៅដល់សហគមន៍ជនជាតិដើមភាគតិចក្នុងកិច្ចការងារអភិរក្សប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។
អ្នកស្រី ណាវីបានបង្កើតទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងនាមជាវាគ្មិនជនជាតិដើមភាគតិចព្នងដំបូងគេបង្អស់ដែលបានចូលរួមថ្លែងនៅក្នុងសន្និសីទកំពូលមួយរបស់អង្គការសហប្រជាជាតិបែបនេះ ដើម្បីពាំនាំសារពីភូមិឋានដែលដាច់ស្រយាលក្នុងព្រៃនៃខេត្តមណ្ឌលគិរីមកកាន់ថ្នាក់ដឹកនាំកំពូលៗនៅលើសកលលោក។ អ្នកស្រីបានឱ្យដឹងថា៖ «នាងខ្ញុំពិតជាមានសេចក្តីរំភើបក្នុងចិត្ត ជាមួយនឹងក្តីកត្តញូ។ នាងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកដល់ទីនេះ ចេញពីភូមិតូចមួយនៃប្រទេសកម្ពុជា មកនិយាយទៅកាន់ថ្នាក់ដឹកនាំកំពូលៗនៃពិភពលោក»។
សុន្ទរកថារបស់អ្នកស្រីថ្លែងក្នុងសន្និសីទដែលត្រូវបានរៀបចំឡើងដោយអង្គការក្រុមប្រឹក្សាសុចរិតភាពសម្រាប់ទីផ្សារកាបូនស្ម័គ្រចិត្ត (Integrity Council for Voluntary Carbon Markets) និងអង្គការធម្មជាតិដើម្បីអាកាសធាតុ (Nature4Climate) បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើតួនាទីដ៏សំខាន់នៃហិរញ្ញប្បទានកាបូនក្នុងការពង្រឹងសិទ្ធិអំណាចសហគមន៍ជនជាតិដើមភាគតិច។ អ្នកស្រីបានបញ្ជាក់ថា៖ «ជំនួយផ្នែកហិរញ្ញវត្ថុដែលយើងទទួលបានគឺមានតម្លៃខ្លាំងណាស់ក្នុងការទប់ទល់នឹងកត្តាគំរាមកំហែងដល់ព្រៃឈើក្នុងសហគមន៍របស់យើង។ ព្រៃឈើនៅក្នុងសហគមន៍របស់យើងស្ថិតក្នុងចំណោមព្រៃក្រាស់បំផុត និងមានសុខភាពល្អបំផុតក្នុងប្រទេសកម្ពុជា ដែលវាជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តនិងការថែទាំរបស់ជនជាតិដើមភាគតិចព្នង»។ ខ្លឹមសារនេះគឺស្របទៅនឹងប្រធានបទដែលសន្និសីទ COP28 បានផ្ដោតការយកចិត្តទុកដាក់ក្នុងការពន្លឿនសកម្មភាពនានាដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងសារសំខាន់នៃការអនុវត្តយន្តការហិរញ្ញប្បទានដូចជាគម្រោងរេដបូក (REDD+) ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។
អ្នកស្រីបានបន្ថែមទៀតថា៖ «យើងខ្ញុំបានប្រើប្រាស់ហិរញ្ញប្បទានកាបូនដើម្បីកសាងសហគមន៍ និងការពារបរិស្ថាន ដោយរួមបញ្ចូលគ្នានូវរបៀបរស់នៅបែបប្រពៃណីជាមួយនិងវិធីសាស្ត្រច្នៃប្រឌិតថ្មីៗដើម្បីការពារព្រៃឈើរបស់យើង»។ មតិរបស់អ្នកស្រីត្រូវបានផ្សាយខ្ទរខ្ទារក្នុងសន្និសីទ COP28 ហើយទាញចំណាប់អារម្មណ៍ឱ្យអ្នករាល់គ្នាដឹងថាវឌ្ឍនភាពនៃហិរញ្ញប្បទានអាកាសធាតុគឺជាគន្លឹះនៃការផ្លាស់ប្ដូរដ៏ត្រឹមត្រូវមួយ និងចូលរួមកាត់បន្ថយការបំភាយឧស្ម័ននៅទូទាំងពិភពលោក។
ការបង្ហាញបទពិសោធន៍របស់អ្នកស្រី ណាវី នៅក្នុងសន្និសីទ COP28 នេះផងដែរ បានផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរួមក្នុងសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ «ហិរញ្ញប្បទានកាបូនបានជួយលើកកម្ពស់សហគមន៍របស់ខ្ញុំនិងសហគមន៍ជនជាតិដើមភាគតិចផ្សេងទៀតនៅទូទាំងពិភពលោក ហើយវាក៏បានពង្រីកអត្ថប្រយោជន៍ដល់ពិភពលោកទាំងមូល»។ នេះជាការបញ្ជាក់របស់អ្នកស្រី ដោយសង្កត់ធ្ងន់លើខ្លឹមសារនៃការរួបរួមនិងមហិច្ឆតាក្នុងការប្តេជ្ញាចិត្តចំពោះដំណោះស្រាយនៃការប្រែប្រួលអាកាសធាតុ។
###
សូមរំឭកផងដែរថា អ្នកស្រី ណាវី ក៏នឹងចូលរួមជាវាគ្មិនក្នុងកម្មវិធីមួយផ្សេងទៀតក្រោមប្រធានបទ «តើហិរញ្ញប្បទានកាបូនបង្កើតឱកាសដល់ជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋានយ៉ាងដូចម្ដេច?» នៅថ្ងៃទី១១ ខែធ្នូ នៅវិមានជនជាតិដើមភាគតិចដែលរៀបចំដោយអង្គការក្រុមប្រឹក្សាសុចរិតភាពសម្រាប់ទីផ្សារកាបូនស្ម័គ្រចិត្ត (Integrity Council for Voluntary Carbon Markets) អង្គការធម្មជាតិដើម្បីអាកាសធាតុ (Nature4Climate) និងមូលនិធិការពារបរិស្ថាន (Environmental Defense Fund)។ ដើម្បីចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ សូមចូលទៅកាន់តំណភ្ជាប់នេះ។
សូមចូលទៅកាន់តំណភ្ជាប់នេះដើម្បីទស្សនាកិច្ចសុន្ទរកថារបស់អ្នកស្រី ណាវី។ សម្រាប់ព័ត៌មានបន្ថែមអំពីការចូលរួមរបស់អ្នកស្រីនៅក្នុងសន្និសីទ COP28 ឬដើម្បីស្នើសុំបទសម្ភាសន៍អំពីបទពិសោធន៍របស់អ្នកស្រី សូមទំនាក់ទំនងមកកាន់អ្នកនាង ចាន់ ផល្គុណ តាមរយៈអ៊ីម៉ែល៖ pchan@wcs.org
សម្រាប់រូបភាពនៃព្រឹត្តិការណ៍នេះសូមចូលទៅកាន់តំណភ្ជាប់នេះ។